បច្ចេកទេសដាំផ្កាសិរមាន់
ផ្កាសិរមាន់ ជាប្រភេទផ្កាដែលមានពណ៌ស្រស់ស្អាតច្រើនខុសៗគ្នា ជាផ្កាដែលប្រជាជនខ្មែរនិយមដាំ មិនថាដាំនៅតាមផ្ទះ ឬក៏ដាំជាចំការធំៗ ប្រភេទផ្កានេះដែរត្រូវបានគេនិយមយក ទៅថ្វាយព្រះនៅក្នុងថ្ងៃសីល ព្រះសង្ឃនៅតាមទីវត្តអារាមនាៗ។
ដូចនេះដើម្បីជាគន្លិះដល់បងប្អូនណា ដែលមានបំណងក្នុងការដាំផ្កាសិរមាន់ យើងនិងណែនាំពីវិធីសាស្រ្ដខ្លះៗ ថាតើត្រូវដាំវាដូចម្ដេចឲ្យទទួលបានទិន្នផលល្អ និងទាន់រដូវការនៃការប្រើប្រាស់។
១/.បច្ចេកទេសដាំដុះ
ផ្កាសិរមាន់ អាចដាំដោយគ្រាប់ផ្ទាល់ ឬបណ្ដុះកូនមុននឹងយកទៅដាំ។ គ្រាប់ដែលសាប ត្រូវរក្សាឲ្យមានសំណើមនិងកម្ដៅដីដើម្បីអាចដុះបាន។ គ្រាប់ផ្កាសិរមាន់អាចដុះបានបន្ទាប់ពីសាបបាន10 ទៅ 15 ថ្ងៃ។
២/.ចន្លោះគុម្ព
ចន្លោះគុម្ព 45 សង់ទីម៉ែត្រទៅ 60 សង់ទីម៉ែត្រទៅតាមពូជដើមធំឬតូច។ ជម្រៅដីពី 2.5 ទៅ 10សង់ទីម៉ែត្រ នៅក្នុងដីដែលមានសំណើមល្មម។ ជៀសវាងដីស្ងួតពេក នោះនាំឲ្យផ្កាស្វិតស្រពោន ហើយបើសើមខ្លាំងពេក នាំឲ្យកើតជម្ងឺផ្សិត។
៣/.ការដាក់ជី
គួរដាក់ជីរៀងរាល់4 សប្ដាហ៍ម្ដង។ ប្រសិនបើការលូតលាស់យឺតត្រូវដាក់ 2 សសប្ដាហ៍ម្ដង។
៤/.ការកំចាត់សត្វល្អិត
ចំពោះសត្វល្អិតដែលមានលើផ្កាសិរមាន់គឺចៃស ។ យើងអាចកំចាត់ចៃសនេះដោយដាក់ថ្នាំឬដាក់សត្រូវធម្មជាតិរបស់វាគឺសត្វអណ្ដើកមាស។
៥/.ការប្រមូលផល
រយៈពេលត្រឹមតែ 90 ថ្ងៃនឹងមានផ្កាស្រស់ស្អាតរីកពេញសួន។អ្នកអាចប្រមូលផលបាននៅពេលឃើញផ្ការីក 50%។
ដើម្បីទទួលបានទិន្នផលខ្ពស់ គេត្រូវក្ដិចត្រួយចំបងវាចេញ ហើយបង្កើតខ្នែងថ្មីជាច្រើនសម្រាប់ចេញផ្កា។
ដកស្រង់ចេញពី KBN.News